Top News

យាយកម្សត់ តស៊ូរ៉ាប់រង​មើលថែចៅៗ៦នាក់តែម្នាក់ឯង ទាំងស្ថានភាពលំបាក

 កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារទីទ័លមួយគ្រួសារដែលលោកយាយត្រូវរ៉ាប់រងចិញ្ចឹមចៅៗដល់ទៅ៦នាក់ ស្ថិតនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកយាយឈ្មោះ ទួន សាន អាយុ៦១ឆ្នាំ មានកូនចំនួន២នាក់ កូនលោកយាយទី១មានគ្រួសារទទួលបានកូនចំនួន២នាក់ ឯកូនទី២មានគ្រួសារទទួលបានកូនចំនួន៤នាក់ សរុបទាំងអស់៦នាក់ត្រូវទុកឱ្យលោកយាយជាអ្នករ៉ាប់រង​មើលថែតែម្នាក់ឯង ទាំងស្ថានភាពលំបាក ខណៈឪពុកម្ដាយកូនៗត្រូវចេញរកការងារធ្វើ ហើយបើតាមការបញ្ជាក់ពីលោកយាយការងារកូនៗក៏មិនសូវប្រសើរ ការទំនុកបម្រុងមកលោកយាយក៏មិនសូវគ្រប់គ្រាន់។

ដោយឃើញពីស្ថានភាពលំបាកនេះ អ្នកជិតខាងបានផ្ដល់ព័ត៌មាននេះទៅ លោក បូរ ភ័កត្រា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា រហូតបានចុះទៅដល់ផ្ទះផ្ទាល់​ ឃើញពីស្ថានភាពជាក់ស្ដែងមានការលំបាក ដោយផ្ទះស័ង្កសីចាស់ បន្ទប់រួមគ្នា ហើយសង់នៅលើដីគេទៀត តែទោះជាយ៉ាងណាលោកបានកោតសរសើរលោកយាយ ទោះបីស្ថានភាពលំបាកក្ដី តែមិនឱ្យចៅៗបោះបង់ការសិក្សាឡើយ ហើយក្នុងនាមជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានផ្ដល់ជំនួយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនលោកយាយដើម្បីជាការសម្រួលនូវទុក្ខលំបាក។

អំណោយមនុស្សធម៌ជូនលោកយាយរួមមាន ៖ អង្ករចំនួន៥០គីឡូក្រាម, មី ៤កេស ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ ២០កំប៉ុង, ទឹកបរិសុទ្ធ១កេស, ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់ រួមទាំងសម្ភារៈមួយចំនួនផ្សេងទៀត និងថវិកា ៥០ម៉ឺនរៀល៕

Post a Comment

Previous Post Next Post