លោកយាយទុគ្គត ពិការភ្នែកតស៊ូ ចិញ្ចឹមជីវិតតែម្នាក់ឯង

កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃសៅរ៍ទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានផ្តល់អំណោយមនុស្សធម៌ដល់ទុគ្គតជនមួយគ្រួសារ ដែលលោកយាយជរាហើយងងឹតភ្នែកទៀត ស្ថិតនៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកយាយ ជីវ ឡាយ អាយុ៧០ឆ្នាំ បើតាមការបញ្ជាក់ពីលោកយាយថា បញ្ហាងងឹតភ្នែកទាំងសងខាងនេះ មានជាយូរឆ្នាំមកហើយ គ្រូពេទ្យថាយាយដាច់សរសៃពន្លឺ ខណៈវ័យកាន់តែជរា សុខភាពពេលនេះក៏មិនអំណោយផល មានទាំងបញ្ហាធ្ងន់ត្រចៀកទៀត សព្វថ្ងៃរស់នៅតែម្នាក់ឯង ដែលកូនស្រីមានតែម្នាក់ មានគ្រួសារក៏រស់នៅបែកពីម្ដាយ។

ក្នុងឱកាសចុះផលិតវីដេអូទូទៅពីជីវភាពមុខរបរប្រជាពលរដ្ឋនៅតាមមូលដ្ឋានបណ្ដាខេត្តនានា ក៏ទទួលបានព័ត៌មានពីការតស៊ូរបស់លោកយាយ ទោះបីជាស្ថានភាពងងឹតភ្នែកមើលមិនឃើញទាំងសងខាងក្ដី ប៉ុន្តែលោកយាយនៅអាចជួយកិច្ចការងារដូចជាការជម្រះស្មៅដំណាំផ្សេងៗរបស់អ្នកជិតខាង ប្ដូរនឹងប្រាក់បន្តិចបន្តួច​គ្រាន់ចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។

ដោយឃើញពីការតស៊ូធ្វើការតែម្នាក់ឯងគ្មានទីពឹងនេះ លោក បូរ ភ័កត្រា ក៏បានចុះទៅដល់ផ្ទះលោកយាយផ្ទាល់ ឃើញពីស្ថានភាពពិត ដូចការរៀបរាប់របស់លោកយាយ និងអ្នកជិតខាង ហើយក្រៅពីការកោតសរសើរ ពីការតស៊ូក្នុងជីវិតនេះ ក្នុងនាមជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានផ្ដល់ជំនួយមនុស្សធម៌កាកបាទក្រហមកម្ពុជា​ជូនលោកយាយដើម្បីជាការសម្រួលនូវទុក្ខលំបាក។

អំណោយមនុស្សធម៌ជូនលោកយាយរួមមាន ៖ អង្ករចំនួន៥០គីឡូក្រាម, មី ២កេស ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ ២០កំប៉ុង, ទឹកបរិសុទ្ធ១កេស, ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់ និងថវិកា ២០ម៉ឺនរៀល៕

Previous Post Next Post