តស៊ូចិញ្ចឹមកូន៤នាក់ ក្រោយស្វាមីបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរ

កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានផ្តល់អំណោយមនុស្សធម៌ដល់ស្រ្ដីមេម៉ាយទីទ័លក្រមួយគ្រួសារ ត្រូវរ៉ាប់រងចិញ្ចឹមកូនៗដល់ទៅ៤នាក់ ស្ថិតនៅភូមិកណ្ដាល ឃុំជំពូវន្ដ ស្រុកជុំគីរី ខេត្តកំពត ។

ស្ត្រីមេម៉ាយខាងលើឈ្មោះ មាស ពី អាយុ២៧ឆ្នាំ មានកូនចំនួន០៤នាក់ ប្រុស០៣នាក់ និងស្រីម្នាក់ មានមុខរបរជាកម្មករសំណង់ ខណៈស្វាមីបានបាត់បង់ជីវិតប្រមាណជាង១ខែដោយសារគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យម្ដាយដែលទើបសម្រាលកូនបានជាងមួយសប្ដាហ៍ត្រូវទទួលបន្ទុកចិញ្ចឹមមើលថែកូនតែម្នាក់ឯង។

ដោយឃើញពីស្ថានភាពលំបាក អ្នកជិតខាងបានផ្ដល់ព័ត៌មានទៅ លោក បូរ ភ័កត្រា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងបានចុះទៅដល់ផ្ទះផ្ទាល់​ ដោយមានការបញ្ជាក់ពីអាជ្ញាធរភូមិផង ហើយស្ថានភាពជាក់ស្ដែង មានការលំបាកដូចការរៀបរាប់មែន ក្នុងនាមជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានផ្ដល់ជំនួយមនុស្សធម៌កាកបាទក្រហមកម្ពុជាដល់ប្អូនស្រីដើម្បីជាការសម្រួលនូវទុក្ខលំបាក។

អំណោយមនុស្សធម៌ជូនដល់គ្រួសារប្អូនស្រីមាស ពី រួមមាន ៖ អង្ករចំនួន៥០គីឡូក្រាម, មី ២កេស ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ ២០កំប៉ុង, ទឹកបរិសុទ្ធ១កេស, ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់ និងថវិកា ៥០ម៉ឺនរៀល៕

Previous Post Next Post