កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃព្រហស្បតិ៍ទី១១ ខែធ្នូ ឆ្នាំ២០២៥ បានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារងាយរងគ្រោះចំនួន២គ្រួសារ ជាជនភៀសសឹក ថែមទាំងពិការភាព ស្ថិតនៅតំបន់ភៀសសឹកក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប តាមរយៈលោក បូរ ភ័កត្រា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។
-គ្រួសារទី១ ឈ្មោះ ណុប ធី អាយុ៦៦ឆ្នាំ ពិការដោយសារជាន់មីន មានកូនម្នាក់តែកំពុងនៅប្រទេសថៃ សព្វថ្ងៃលោកតារស់នៅតែម្នាក់ឯង នៅភូមិចំការចេក ឃុំអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
-គ្រួសារទី២ ឈ្មោះ ជួប បន អាយុ៧៣ឆ្នាំ ពិការដោយសារជាន់មីន មានកូនចំនួន៩នាក់ សព្វថ្ងៃរស់នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។
ក្នុងឱកាសចុះជួបបងប្អូនប្រជាពលរដ្ឋភៀសសឹកស្ថិតក្នុងភូមិសាស្ត្រ ស្រុកក្រឡាញ់ ខេត្តសៀមរាប លោក បូរ ភ័កត្រា បានលើកទឹកចិត្តប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកនេះ និងត្រូវទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា វីរកងទ័ពខ្មែរ និងសូមឱ្យទទួលបាននូវភាពជោគជ័យក្នុងការការពារទឹកដីពីសត្រូវឈ្លានពានទឹកដី ដើម្បីបានត្រឡប់ទៅរស់នៅផ្ទះរបស់ខ្លួនក្រោមម្លប់សន្តិភាពវិញ ដោយឃើញពីភាពលំបាករបស់គ្រួសារលោកតាទាំង២ខាងលើនេះ ក្នុងនាមអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានផ្ដល់ជំនួយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនលោកតាទាំង២ដើម្បីជាការសម្រួលនូវទុក្ខលំបាក។
អំណោយមនុស្សធម៌ជូនលោកតាក្នុងម្នាក់ៗរួមមាន ៖ អង្ករចំនួន២៥គីឡូក្រាម, មី ១កេស ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាក្នុងម្នាក់៥០ម៉ឺនរៀល៕





Post a Comment